Thursday, April 26, 2018

មនុស្សក្នុងទូរស័ព្ទ

សាកលលោកយើងនេះបានឈានមកដល់សម័យកាលថ្មីមួយដែលស្ទើរតែម្នាក់ៗកាន់ទូរស័ព្ទទំនើបផ្ទាល់ខ្លួន។ ការវិវត្តន៏នៃទូរស័ព្ទដៃចាប់តាំងពីទំហំប្រហែលដុំឥដ្ឋមកដល់ទំហំប៉ុនបាតដៃនេះបានធ្វើឲ្យការរស់នៅរបស់មនុស្សវិវត្តទៅតាមនោះដែរ។ និយាយរួមគឺវិវត្តពីមិនចាំបាច់មានទូរស័ព្ទមកកាន់ទូរស័ព្ទដៃរៀងៗខ្លួន។ 
មនុស្សម្នាក់ៗប្រើទូរស័ព្ទក្នុងបំណងផ្សេងៗគ្នា។ ចាស់ៗប្រហែលជាត្រូវការតែស្ដាប់ចំរៀងឬក៏ហៅទូរស័ព្ទទៅគ្នា ប៉ុន្តែចំណែកយុវវ័យសម័យទំនើបនេះ ការប្រើប្រាស់ទូរស័ព្ទអាចនឹងមានគោលបំណងលើសពីនេះ។ ខ្លះប្រើដើម្បីប្រយោជន៏ ឯខ្លះទៀតក៏មិនបានផល។ ខ្លះយកទៅធ្វើរបររកស៊ីរកប្រាក់ចំណេញ ខ្លះយកទៅធ្វើរឿងអាសអាភាស ខ្លះទៀតយកទៅប្រើដើម្បីចំរិតទារប្រាក់គេផងក៏មិនដឹង។ ប៉ុន្តែចំណុចរួមមួយដែលពួកគេមាននោះគឺការប្រាស្រ័យទាក់ទងគ្នាដែលធ្វើឡើងតាមរយះទូរស័ព្ទដៃនោះ។ សម័យនេះគឺគេមានបណ្ដាញសង្គមដែលគ្រប់គ្នានិយមប្រើមួយនោះគឺ Facebook និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀតដែលបានធ្វើឲ្យឧបសគ្គគមនាគមន៏ដែលមនុស្សលោកធ្លាប់មាននោះរលាយសាបសូន្យ។ 
ការបូកផ្សំគ្នារវាងបច្ចេកវិទ្យានិងទំនាក់ទំនងមនុស្សគឺបានធ្វើឲ្យមនុស្សលោកបានស្គាល់នូវពិភពលោកថ្មីមួយទៀតនៅលើបណ្ដាញអ៊ីនធើណិត។ ហើយផលល្អដែលវាមាននោះគឺ ការផ្សារភ្ជាប់ក៏ជិតស្និទរវាងមនុស្សនឹងមនុស្សបើទោះបើជាពួកគេនៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។ ការផ្សារភ្ជាប់ដ៏ស្អិតរមួតនេះបានធ្វើឲ្យអ្វីដែលមិនធ្លាប់មានកើតមានឡើង ដូចជាការធ្វើជំនួញតាមអ៊ីនធើណិត ឬក៏ការនិយាយគ្នាឆ្លងទ្វីបតាមរយះវីដេអូ។ ទោះបីជាបច្ចេកវិទ្យាថ្មីនេះបានដោះស្រាយបញ្ហាដែលពិភពលោកធ្លាប់មានបានច្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះបានផ្ដល់បញ្ហាមួយថ្មីទៀតទៅកាន់មនុស្សលោក។ ការញៀន។ មនុស្សជាច្រើនបូករួមទាំងខ្ញុំដែរបានសម្រេចចិត្តរស់នៅពិភពលោកមួយទៀតដែលមានតែនៅលើបណ្ដាញអ៊ីនធើណិត។ មួយថ្ងៃៗចំណាយពេលជាច្រើនមើលពិភពលោកតាមរយះអេក្រង់ទូរស័ព្ទហាក់ដូចជាមនុស្សម្នាក់កំពុងតែរស់នៅក្នុងទូរស័ព្ទនោះ។ 
ចំណែកខ្ញុំវិញកាន់តែពិបាកនិយាយ។ ស្រលាញ់គ្នាជាមួយមនុស្សក្នុងទូរស័ព្ទ។ មួយថ្ងៃៗនិយាយគ្នាបានតែតាមសម្លេងដែលចេញពីឧបករណ៏បំពងសម្លេង។ ហើយបើកាន់តែពិបាកនោះគឺ ខ្ញុំក៏គ្រាន់តែជាមនុស្សក្នុងទូរស័ព្ទសម្រាប់ដៃគូរបស់ខ្ញុំដូចគ្នា។ ខ្ញុំគ្មានសិទ្ធនិងសមត្ថភាពនឹងធ្វើអ្វីក្រៅពីផ្ញើសារ ឬសម្លេងនោះទេ។ ហើយបើសិនជាគេមិនចង់តបនោះគឺមានអារម្មណ៏ហាក់ដូចជាជាប់ឃុំនៅក្នុងទូរស័ព្ទនោះអញ្ចឹង! ហើយដោយសារតែមនុស្សមាននៅក្នុងទូរស័ព្ទនេះហើយ ទើបដៃគូនៅក្នុងទូរស័ព្ទរបស់ខ្ញុំក៏នៅតែអាចទាក់ទងជាមួយនឹងមនុស្សក្នុងទូរស័ព្ទផ្សេងទៀតដូចគ្នា។


No comments:

Post a Comment